
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអត្ថបទវិភាគមួយ
លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
«រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»
ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ
បង្ហោះផ្សាយលើគណនី Facebook: Matichon Weekly
มติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ បានចែងថា៖ «នៅពេលដែលប្រទេសពីរបានកំណត់ព្រំដែនរវាងគ្នាទៅវិញទៅមក គោលបំណងដ៏សំខាន់បំផុតមួយ គឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់»។ គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើងនោះ នៅតែអាចត្រូវបានគេជជែកវែកញែក ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា។
នៅក្នុងចំណោមស្ថានភាពនៃជម្លោះរវាងថៃ និងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មានចំណុចគួរឱ្យចាប់អារម្មណ៍មួយ ចេញពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២នេះ។ ជាក់ស្តែងចំណុចនេះជារឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះសាលក្រមដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងបញ្ហាដែលកំពុងកើតឡើង នៅក្នុងតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងស្ថានភាពបច្ចុប្បន្ន។
ផ្អែកលើបរិបទប្រវត្តិសាស្ត្រ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា «ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុត គឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ។ពោលគឺ ថៃនិងកម្ពុជាធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាអំពីប្រាសាទនេះ នៅចំពោះមុខតុលាការអន្តរជាតិចំនួន២ដង រួចមកហើយ គឺលើកទី១ នៅក្នុងឆ្នាំ១៩៦២ និងបានកើតឡើងសារជាថ្មីម្តងទៀតលើកទី២ នៅក្នុងឆ្នាំ២០១៣។
ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិ ជាលើកទី៣។ ដូចដែលបានដឹងយ៉ាងច្បាស់ហើយថា រដ្ឋាភិបាលថៃបានយល់ព្រមទទួលយកនូវលទ្ធផលនៃសេចក្តីសម្រេចខាងលើ ទាំងពីរករណីរួចរាល់ហើយ។
លទ្ធផលគតិយុត្តនេះមានអត្ថន័យយ៉ាងសំខាន់ ក្នុងការកំណត់លក្ខខណ្ឌនយោបាយជុំវិញការគ្រប់គ្រងតំបន់ដែលមានបញ្ហាវិវាទ។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះចង់សង្កត់ធ្ងន់ទៅលើចំណុចសំខាន់ដែលជាលទ្ធផលនៃសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលនាំទៅរកសំណួរថា «តើតុលាការអន្តរជាតិក្នុងឆ្នាំនោះ មានទស្សនៈយ៉ាងណាចំពោះការចាត់ចែងបញ្ហាវិវាទរឿងខ្សែបន្ទាត់ព្រំដែន?»
ម៉្យាងវិញទៀត តើផលវិបាកដែលជាអត្ថន័យនៃការខណ្ឌសីមាព្រំដែនក្នុងអតីតកាល មានឥទ្ធិពលលើការដោះស្រាយបញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែនក្នុងពេលបច្ចុប្បន្នយ៉ាងដូចម្តេច?
មូលហេតុដែលសេចក្តីសម្រេចឆ្នាំ១៩៦២នេះ ត្រូវបានលើកឡើងមកធ្វើជាឧទាហរណ៍ព្រមាននោះ គឺដោយសារតែជាទូទៅនៅក្នុងសង្គមថៃ ស្ទើរតែគ្មាននរណាម្នាក់ត្រឡប់ទៅអានខ្លឹមសារនៃសេចក្តីសម្រេចខាងលើនោះទៀតឡើយ។ នេះប្រហែលជាដោយសាររាប់ចាប់ពីសេចក្តីសម្រេចក្នុងអតីតកាលនាពេលនោះ រហូតមកដល់បច្ចុប្បន្ន សំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ មានអាយុកាលវែងរហូតដល់ទៅ៦៤ឆ្នាំហើយ ដែលយើងត្រូវទទួលស្គាល់ថាវាពិតជាយូរណាស់។
កត្តាពេលវេលាបែបនេះ បានធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាអតីតកាល ដែលនៅឆ្ងាយពីការយល់ដឹងរបស់មនុស្សក្នុងយុគសម័យបច្ចុប្បន្នយ៉ាងខ្លាំង។យើងអាចពោលប្រៀបធៀបបានថា សម្រាប់អ្នកនយោបាយទាំងជំនាន់កណ្តាល និងជំនាន់ថ្មី វិវាទរឿងប្រាសាទព្រះវិហារ គឺជារឿងចាស់ និងហួសសម័យ រហូតដល់មិនសូវមានការដឹងឮ ឬមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ។
ប៉ុន្តែទោះជាយ៉ាងណាដោយសារតែបញ្ហាជម្លោះក្នុងពេលបច្ចុប្បន្ន បើមានការបដិសេធមិនអានទាល់តែសោះ ហើយមិនបានទទួលដឹងឮពីរឿងរ៉ាវនៃសេចក្តីសម្រេច របស់តុលាការលោកឆ្នាំ១៩៦២នោះ មុខជានឹងមិនផ្តល់ផលល្អដល់ការយល់ដឹងឡើយ។
មូលហេតុគឺព្រោះតែសេចក្តីសម្រេចនោះ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សន្ធិសញ្ញា និងផែនទីខណ្ឌសីមាដែលភ្ជាប់មកជាមួយ គឺជាកត្តាកាត់សេចក្តីលើខ្សែបន្ទាត់ព្រំដែនរបស់សៀម/ថៃ ជាមួយរដ្ឋជិតខាង ដែលមានឋានៈជា «រដ្ឋអ្នកបន្តសិទ្ធិ» ពីម្ចាស់អាណានិគម។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីនេះសេចក្តីសម្រេចរួមក្នុងឆ្នាំ១៩៦២ មានអត្ថបទខ្លឹមសារដែលសំខាន់បំផុត សម្រាប់ការពិចារណាលើបញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានអត្ថន័យ និងជះឥទ្ធិពលទៅលើជម្លោះព្រំដែនរបស់រដ្ឋដទៃទៀត ដែលអាចនឹងកើតមានឡើងក្នុងពេលអនាគតផងដែរ។
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ បានចែងថា៖ «ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើង អាចត្រូវបានគេជំទាស់ ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា ដោយគ្រាន់តែយោងលើការរកឃើញភាពមិនត្រឹមត្រូវនៃខ្លឹមសារក្នុងសន្ធិសញ្ញាដើមនោះ ដំណើរការតវ៉ាបែបនេះច្បាស់ជានឹងកើតឡើងជាបន្តបន្ទាប់។