
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីរឿងផ្ទុះនៅតាមបណ្ដាញសង្គម អំពីត្រីសាលម៉ុន និងត្រោត។ មានហាងមួយ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសហាងដទៃ ដោយពលរដ្ឋគិតថា ហាងផ្សេងក៏លក់ត្រីត្រោតដែរ។
ហេតុនេះហើយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានណែនាំដល់ក្រសួង ស្ថាប័ន ដែលទទួលបន្ទុកពិនិត្យគុណភាពចំណីអាហារ ត្រូវគិតគូរឡើងវិញ អំពីស្ដង់ដាររួម។ សម្ដេចមហាបវរធិបតី ថែមទាំងបានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកាត់បន្ថយអ្វីមិនចាំបាច់ ពង្រឹងអ្វីដែលចាំបាច់ ដោយត្រូវធ្វើឲ្យលឿន សុក្រិត្យ និងគុណភាពច្បាស់លាស់ ដើម្បីបង្កើនការទុកចិត្ត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនហាងមួយលក់មានបញ្ហា ខ្ញុំគិតថា ឧទាហរណ៍ថា ផ្លែឈើហូបទៅស្រាប់តែមានបញ្ហា។ ឥលូវ សូម្បូតែហាង់លក់ត្រីសាលម៉ុន គ្រាន់តែបញ្ហាមួយអាចអ្នកផ្សេងទៀត គិតថា ត្រោតទាំងអស់ ព្រោះវាជះឥទ្ធិពលទាំងអស់ ដោយសារការមិនទុកចិត្តគ្នា។ អីចឹង បើសិនជាអាជីវករមួយហ្នឹង គាត់លក់មានបញ្ហា គាត់នឹងបង្កើតភាពមិនទុកចិត្តនូវផលិតផលនេះជាច្រើន»។
បន្ថែមលើនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធពង្រឹងយកចិត្តទុកដាក់គុណភាពចំណីអាហារ ជាមួយការលើកឧទាហរណ៍ដែលសម្ដេចជួបផ្ទាល់នៅពេលទៅហាងគុយទាវមួយកន្លែង ដោយម្ចាស់ហាងប្រាប់សម្ដេចថា កុំហូបប្រហិតសាច់គោ ខ្លាចមានបញ្ហាដល់សុខភាព៕