រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ ដែលបានពិភាក្សា និងអនុម័ត

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា ចេញស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

 

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលយើង ទទួលបាននាថ្ងៃដដែលនេះ បានឲ្យដឹងថា អង្គប្រជុំបានធ្វើការពិភាក្សានិងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

 

*ទី១៖ អង្គប្រជុំបានអនុម័តយល់ព្រមសេចក្តីព្រាង របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧ ហើយសូមអគ្គលេខាធិការដ្ឋានរដ្ឋសភា យករបាយការណ៍ទៅបំពេញបន្ថែមសកម្មភាព រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។

 

*ទី២៖ អង្គប្រជុំបានអនុម័តយល់ព្រមសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចំនួន៣រូប៖

 

២.១៖ លោក ហ៊ឺ វីរៈ អាយុ៤៨ឆ្នាំ

២.២៖ លោក អ៊ឹម ចាន់ថុល អាយុ៥៤ឆ្នាំ

២.៣៖ លោកស្រី ឯក សុវណ្ណភារៈ អាយុ៥៨ឆ្នាំ

 

*ទី៣៖ អង្គប្រជុំបានអនុម័តយល់ព្រមកាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃពុធ២រោច ខែបឋមាសាឍឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០ព្រឹក ដែលមានរបៀបវារៈចំនួន២៖

 

*របៀបវារៈទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧។

 

*របៀបវារៈទី២៖ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧៕

Leave a Reply

Your email address will not be published. Required fields are marked *