កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺនតោន ទទួលបានចំណូលជាង ៣៦៧លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦

Oplus_16908288

(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៣៦៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មានយើងទទួលបាន។

ការនាំចេញ បានធ្វើឡើងតាម តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣២ បានបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ២២៨ ៧៨០ តោន គិតជាទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% អង្ករចំហុយ ១.៨២% អង្ករសរីរាង្គចំនួន ១.២៤% អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥% និងអង្ករផ្សេងៗចំនួន ០.២%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *